×
×
×
×
×
×
×
×
បន្ទាប់

ការឆ្លើយតបទៅនឹងតម្រូវការសហគមន៍៖ ការអន្តរាគមន៍របស់អង្គការសង្គមស៊ីវិលក្នុងប្រទេសប្រេស៊ីល

 

 

ទោះបីជាមានដំណោះស្រាយបញ្ហាលើរឿងជំងឺរាតត្បាត ដោយប្រធានាធិបតីបែបធម្មតាក៏ដោយក្ដី ក្រុមសង្គមស៊ីវិលប្រេស៊ីលបានធ្វើកិច្ចការនេះឡើងតាមរយៈការបង្កើតសម្ព័ន្ធភាព ការប្រមូលមូលនិធិ និងការបង្កើតបណ្តាញក្នុងចំណោមអង្គការនានា។ ការណ៍នេះបានធ្វើឱ្យពួកគេអាចផ្តល់ជំនួយ និងធ្វើឱ្យមានភាពខុសប្លែកកើតឡើងនៅក្នុងជីវិតរបស់ប្រជាជន ដែលរស់នៅតាមដងផ្លូវ តាមតំបន់អនាធិបតេយ្យ ប្រជាជនដែលគ្មានការផ្គត់ផ្គង់ទឹកឱ្យប្រើប្រាស់ ក៏ដូចជាសហគមន៍ជនបទនៃជនជាតិដើមភាគតិច និងប្រជាជនប្រេស៊ីលដើមកំណើតអាហ្រ្វិក ដែលគ្មានលទ្ធភាពក្នុងការទទួលបានព័ត៌មានពីគោលនយោបាយសាធារណៈបានគ្រប់គ្រាន់ទៀតផង។

ចលនាសង្គមជនបទដូចជា ចលនាកម្មករគ្មានដីធ្លី (MST) និងចលនាក្រុមកសិករខ្នាតតូច (MPA) បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការផ្តល់ស្បៀងអាហារដល់សហគមន៍តាមទីក្រុង ដែលកំពុងខ្វះខាត ដោយវាបានបង្ហាញពីសារៈសំខាន់នៃការធ្វើកសិកម្មបែបគ្រួសារ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់សន្តិសុខស្បៀងអាហារ និងគោលការណ៍សាមគ្គីភាព ក្នុងការដឹកនាំសកម្មភាពចលនាសង្គម។ អាទិភាពសម្រាប់អង្គការសង្គមស៊ីវិលទាំងនេះគឺការផ្ដល់អាហារ សម្ភារសម្រាប់ការលាងសម្អាត របាំងមុខ និងឧបករណ៍ការពារផ្សេងៗ។ សកម្មភាពនេះបានជួយពន្យារនូវការរីករាលដាលនៃជំងឺ និងជៀសវាងការដាក់សម្ពាធហួសកម្រិតដល់ប្រព័ន្ធសុខភាពសាធារណៈ ដែលជាអកុសល វាត្រូវបានគេកាត់បន្ថយថវិកាយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

យ៉ាងណាមិញ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានបន្តរារាំងដោយសកម្មភាពរបស់ប្រធានាធិបតីជ្រុលនិយមស្ដាំ ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាស់នៅចុងឆ្នាំ ២០១៨។ បើគិតទៅ វាកាន់តែធ្ងន់ធ្ងរទៅទៀត ពេលយើងពិចារណាឃើញថា ប្រេស៊ីលគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានភាពមិនស្មើភាពខ្ពស់បំផុតនៅក្នុងពិភពលោក ដោយមានឬសគល់ចាក់ស្រេះ ក្នុងការរើសអើងវណ្ណៈ ពណ៌សម្បុរ និងយេនឌ័រជាដើម។

អង្គការមិនមែនរដ្ឋាភិបាល អង្គការសហគមន៍ និងអង្គការជំនឿនៅប្រទេសប្រេស៊ីល បានដឹងយ៉ាងច្បាស់អំពីបញ្ហាប្រឈម ដែលពួកគេជួបប្រទះ និងតួនាទីរបស់ខ្លួនក្នុងការពាក់មុខច្រើនខុសៗគ្នា។ ដូច្នេះ ពួកគេក៏បាននឹងកំពុងដំណើរការយុទ្ធនាការផ្ដល់ព័ត៌មានទៅដល់ក្រុមជាក់លាក់ ដោយផ្តល់ការថែទាំសុខភាពផ្លូវចិត្ត ការគាំទ្រខាងសាសនាពីចម្ងាយ និងព័ត៌មានដែលមានប្រយោជន៍សម្រាប់ស្ត្រី ដែលកំពុងរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារពេលកំពុងបិទខ្ទប់ និងដោយសារសកម្មភាពដទៃទៀត។

អង្គការសង្គមស៊ីវិលកំពុងកៀរគរការគាំទ្រនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ដើម្បីឱ្យរដ្ឋាភិបាលឆ្លើយតបទៅនឹងជំងឺរាតត្បាតនេះ ជាមួយនឹងគោលនយោបាយគ្រាអាសន្ន ដែលអាចជួយសង្គ្រោះជីវិតមនុស្សប្រកបដោយប្រសិទ្ធភាព។ ឧទាហរណ៍មួយ ដែលទទួលបានជោគជ័យនោះ គឺយុទ្ធនាការជាតិសម្រាប់ការអនុម័តប្រាក់កម្រៃអប្បរមា នៅក្នុងវិស័យក្រីក្របំផុត ជាពិសេសកម្មករក្រៅផ្លូវការ ដែលមធ្យោបាយនៃការចិញ្ចឹមជីវិតរាល់ថ្ងៃ របស់ខ្លួន មិនអាចប្រព្រឹត្តទៅបានក្នុងបរិបទជំងឺរាតត្បាតនេះ (www.rendabasica.org.br) ។ សំណើសំខាន់ផ្សេងទៀតរួមមាន ការយកពន្ធពីក្រុមហ៊ុនដែលមានចំណូលច្រើនសន្ធឹក និងការស្ដារឡើងវិញកម្មវិធីសន្តិសុខស្បៀងដោយជោគជ័យ ដែលនៅចុងបញ្ចប់ សុទ្ធតែត្រូវបានទាត់ចោលដោយរដ្ឋាភិបាលថ្នាក់ជាតិ។

វិធីសាស្រ្តដែលមានលក្ខណៈសកម្ម និងអត្ថន័យក្នុងពេលជំងឺរាតត្បាត ដែលធ្វើឡើងដោយសង្គមស៊ីវិលសម្រាប់ការប្រឈមតទល់នឹងជំងឺ និងផលប៉ះពាល់របស់វា ដែលមកជាមួយនឹងការផ្តល់សេវាកម្ម ការតស៊ូមតិ និងអន្តរាគមន៍គោលនយោបាយផងដែរនោះ បានបើកចំហ និងបង្កើតឱកាសថ្មីសម្រាប់ការសន្ទនាជាមួយវិស័យធំៗនៃប្រជាពលរដ្ឋប្រេស៊ីល។ ភាពពាក់ព័ន្ធរបស់សង្គមស៊ីវិលត្រូវបានគេមើលឃើញកាន់តែច្បាស់នៅក្នុងបរិបទនេះ ដោយមិនត្រឹមតែចំពោះប្រជាជនក្រីក្របំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់វិស័យដទៃទៀតក្នុងសង្គម ដែលបានជួបប្រទះនូវផលអវិជ្ជមានយ៉ាងច្រើនលើសលប់ រួមទាំងសេចក្តីថ្លែងការណ៍បែបវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រធានាធិបតី ស្តីពីសិទ្ធិមនុស្ស សកម្មភាពតស៊ូ អង្គការមិនមែនរដ្ឋាភិបាល និងចលនាសង្គមថែមទៀតផង។ ជាការពិតណាស់ សង្គមស៊ីវិលមានសកម្មភាពយ៉ាងសកម្មនៅក្នុងវិស័យសាធារណៈ ក្នុងការពិភាក្សាអំពីជំងឺរាតត្បាត និងការតភ្ជាប់ចាំបាច់ជាមួយបញ្ហាជារចនាសម្ព័ន្ធផ្សេងៗដូចជា ភាពពាក់ព័ន្ធនៃប្រព័ន្ធសុខភាពរដ្ឋ និងសាធារណៈ តម្លៃនៃសិទ្ធិមនុស្ស សារៈសំខាន់នៃការទទួលបានការផ្គត់ផ្គង់ទឹកប្រើប្រាស់ និងផលប៉ះពាល់ពីការប្រកាន់ពូជសាសន៍ជាលក្ខណៈស្ថាប័ន និងវិសមភាពយេនឌ័រ។

សរសេរដោយអ្នកនិពន្ធ លោកស្រី វីវៀន ហឺមីនដា ធ្វើការនៅ CESE និងជាអ្នកគ្រូបណ្ដុះបណ្ដាលជាន់ខ្ពស់នៃវគ្គឆេងដឹហ្គេមអឹកាដឺមី

CESE គឺជាដៃគូរបស់ឆេងដឹហ្គេម អឹកាដឺមីនៅប្រទេសប្រេស៊ីល។